ដៃគូសហការ
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) បានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលផ្តល់ជូននិស្សិតនូវចំណេះដឹង និងការអនុវត្តជាក់ស្តែងលើជំនាញឯកទេសខាងផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា។ បេសកកម្មសំខាន់ពីររបស់ ITC ដែលអនុលោមទៅតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឲ្យ ITC ក្លាយជាគ្រឹះស្ថានអប់រំនាំមុខខាងវិស្វកម្មនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់។ លើសពីនេះទៀត ITC ក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយវិទ្យាស្ថានដៃគូទាំងឯកជននិងសាធារណៈ ដូចជា AUF (បារាំង), AUN/SEED-Net (អាស៊ាន), JICA (ជប៉ុន), Ares-CCD (ប៊ែលហ្ស៊ិក), ធនាគាពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហគ្រាសផ្សេងៗទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការទាំងនេះ ធ្វើឱ្យ ITC មានគម្រោងស្រាវជ្រាវចំនួន ១០០ គម្រោង (នាឆ្នាំ ២០២៤) ដែលក្នុងនោះ ៨៥ គម្រោងបាននឹងកំពុងអនុវត្ត។ បន្ថែមពីនេះទៀត កម្មវិធីសិក្សារបស់ ITC មានលក្ខណៈបត់បែននិងអាចកែសម្រួលឲ្យសមស្របនឹងតម្រូវការការសិក្សារបស់និស្សិត។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ(ស.ភ.ភ.ព.) ជាសាកលវិទ្យាល័យជាតិចំណាស់ និងធំជាងគេ នៅក្នុងប្រទេសកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០។ សាកលវិទ្យាល័យនេះ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យជាច្រើន រួមមានការបណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់វិទ្យាល័យសម្រាប់វិស័យអប់រំ និងបេក្ខជនជាមន្ត្រីរាជការសាធារណៈតាមស្ថាប័ននានាទូទាំងប្រទេស។ សព្វថ្ងៃនេះ ស.ភ.ភ.ព.បានកំពុងបណ្តុះបណ្តាលទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រលើផ្នែកជាច្រើនដូចជា៖ វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ សិក្សាអភិវឌ្ឍន៍ វិស្វកម្ម អប់រំ សិក្សាអន្តរជាតិនិ ងគោលនយោបាយសាធារណៈ និងភាសាបរទេស។ បច្ចុប្បន្ន សាកលវិទ្យាល័យ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ដ្រាចារ្យជាតិ-អន្តរជាតិ សរុបចំនួន១១៣៩ នាក់(នារី៣៨៨ នាក់ ស្មើ ៣៤%) និងនិសិ្សតកំពុងសិក្សាទាំងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រសរុបចំនួន ៣៨ ៦៥៧ នាក់(នារី ២១៩៤៤ នាក់ ស្មើ ៥៦.៨%)។ ក្នុងនោះមាននិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិចំនួន១២០៦នាក់ (នារី ៨៥៩នាក់ ស្មើ ៧១.២%)ស្ថិតក្រោមការគ្រប់គ្រងរបស់មហាវិទ្យាល័យសង្គមសាស្រ្ត និងមនុស្សសាស្ត្រ។
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ(USEA) ជាសាកលវិទ្យាល័យឯកជនមួយស្ថិតនៅខេត្តសៀមរាប ដែលបង្កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦។ USEA មានមហាវិទ្យាល័យចំនួន៥ គឺ៖ ១) មហាវិទ្យាល័យវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងទេសចរណ៍ ២) មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៣) មហាវិទ្យាល័យសង្គមសាស្ត្រ និងនីតិសាស្រ្ត ៤) មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា ៥) មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងសាលាក្រោយបរិញ្ញាបត្រ។ ឆ្លងតាមបទពិសោធន៍កន្លងមក USEA បានផ្តល់សេវាកម្មដល់និស្សិតដែលមានពិការភ្នែករហូតដល់បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ។ ក្នុងគម្រោង GAIN, USEA មានផែនការដូចជា៖ ១) កែប្រែគោលនយោបាយផ្ទៃក្នុងដើម្បីគាំទ្រដល់ការសិក្សាសម្រាប់និស្សិតមានពិការភាព, ២) កែលម្អអាគារដើម្បីផ្តល់នូវទីតាំងដែលសមស្របសម្រាប់និស្សិតមានពិការភាព, ៣) ពិនិត្យនិងកែសម្រួលកម្មវិធីសិក្សាសម្រាប់និស្សិតមានពិការភាព, និង ៤) បណ្តុះបណ្តាលគ្រូបង្រៀន-បុគ្គលិករបស់សាកលវិទ្យាល័យផ្ទាល់ ទាក់ទងនឹងទិដ្ឋភាពរបស់និស្សិតមានពិការភាព។
សាកលវិទ្យាល័យវេស្ទើន
សាកលវិទ្យាល័យវេស្ទើន (WU) ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យលេខ៧២ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ក្នុងខេត្តកំពង់ចាម។ WU ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលផ្តល់កម្មវិធីសិក្សាទាំងកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅក្នុងជំនាញផ្សេងៗ។ កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររួមមានបរិញ្ញាបត្ររង និងបរិញ្ញាបត្រ។ WU មានមហាវិទ្យាល័យចំនួន៥ សម្រាប់កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដូចជា៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងភាសា មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម (នីតិសាស្រ្ត និងសេដ្ឋកិច្ច) មហាវិទ្យាល័យគ្រប់គ្រង និងសណ្ឋាគារ-ទេសចរណ៍ (គ្រប់គ្រងពាណិជ្ជកម្ម និង សណ្ឋាគារ-ទេសចរណ៍) មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (កុំព្យូទ័រ ស្ថាបត្យកម្ម និងការឌីស្សាញ វិស្វកម្មសំណង់ស៊ីវិល អគ្គិសនី និងអេឡិចត្រូនិច) និង ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស។ កម្មវិធីអប់រំកម្រិតក្រោយឧត្តមសិក្សាមានដូចជា៖ អនុបណ្ឌិតផ្នែកសិល្បៈ ជំនាញអប់រំភាសាអង់គ្លេស អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារ អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ អនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ បណ្ឌិតផ្នែករដ្ឋបាលសាធារណៈ និងបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម។ សាកលវិទ្យាល័យវេស្ទើនមានកម្មវិធីសិក្សាអន្តរជាតិកម្រិតបរិញ្ញាបត្រនៅក្នុងវិស័យគ្រប់គ្រងឧស្សាហកម្មអាកាសចរណ៍ វិស័យគ្រប់គ្រងសណ្ឋាគារនិងភោជនីយដ្ឋាន វិស័យក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងការគ្រប់គ្រងភស្តុភារ និងវិស្វកម្មសំណង់ស៊ីវិល ដែលកម្មវិធីសិក្សាទាំងនេះបានទទួលស្គាល់ជាអន្តរជាតិ។
សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ
សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ (PPIU) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ជាគ្រឹះស្ថានឧត្តមសិក្សាឯកជនដ៏លេចធ្លោមួយនៅកម្ពុជា។ PPIU មានគោលបំណងផ្តល់នូវការអប់រំប្រកបដោយគុណភាព អនុលោមតាមស្តង់ដារជាតិនិងអន្តរជាតិ ដោយផ្តោតលើការអប់រំឌីជីថលនិងការស្រាវជ្រាវ។ PPIU ផ្តល់នូវកម្មវិធីសិក្សាចាប់ពីបរិញ្ញាបត្ររង ដល់បរិញ្ញាបត្រជាន់ខ្ពស់ និងវិញ្ញាបនបត្របណ្ដុះបណ្ដាលវិជ្ជាជីវៈ។ PPIU មានមហាវិទ្យាល័យចំនួន៤ រួមមាន៖ មហាវិទ្យាល័យពាណិជ្ជសាស្រ្ត និងទេសចរណ៍ មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច មហាវិទ្យាល័យវិទ្យាសាស្រ្តនិងព័ត៌មានវិទ្យា មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងសាលាក្រោយឧត្តមសិក្សា។ ក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ ២០២០–២០២៥ PPIU ផ្តោតលើការលើកកម្ពស់ការបង្រៀនបែបឌីជីថល ការកែលម្អសេវានិស្សិត និងការជម្រុញវប្បធម៌គាំទ្រដល់និស្សិត។ សាកលវិទ្យាល័យក៏មានគោលបំណងផ្ដល់ការអប់រំបែបបរិយាបន្ន ជាពិសេសសម្រាប់និស្សិតមកពីគ្រួសារដែលមានចំណូលមធ្យម និងនិស្សិតមានពិការភាព ក្នុងការទទួលបាននូវកម្មវិធីសិក្សានិងឱកាសផ្សេងៗ ដើម្បីបង្ហាញពីសក្តានុពលរបស់ពួកគេ។ PPIU បេ្តជ្ញាចិត្តធ្វើការជាមួយគម្រោង GAIN ដោយអនុលោមតាមផែនការមេរបស់អាស៊ានឆ្នាំ 2025 (ASEAN Enabling Masterplan 2025) ដើម្បីជម្រុញបរិយាបន្នអប់រំសម្រាប់និស្សិតពិការភាព។ PPIU មានក្រុមការងារដែលមានសមត្ថភាព និងត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមយ៉ាងសកម្មជាមួយគម្រោងនេះ។
ក្រសួងអប់រំ យុវជន និងកីឡា
ក្រសួងអប់រំ យុវជន និងកីឡា មានគោលបំណងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងមានសីលធម៌ល្អ ដើម្បីអភិវឌ្ឍសង្គមកម្ពុជាដោយពឹងផ្អែកលើចំណេះដឹង។ដោយមានភារកិច្ចផ្តល់ការអប់រំប្រកបដោយគុណភាពដល់សិស្សានុសិស្សប្រមាណ ៣.៥លាននាក់ រួមទាំងនិស្សិតក្នុងកម្រិតឧត្តមសិក្សាប្រមាណ ២០ម៉ឺននាក់ ក្រសួងបានបង្កើតឋានានុក្រមរដ្ឋបាលគ្រប់គ្រង និងការគ្រប់គ្រងរបស់ក្រសួងអប់រំ ជា៤ កម្រិត គឺថ្នាក់ជាតិ (កណ្តាល) ថ្នាក់ខេត្តឬក្រុង ថ្នាក់ស្រុក និងកម្រិតស្ថាប័នអប់រំ (តាមសាលា)។ សម្រាប់អនុវិស័យថ្នាក់ឧត្តមសិក្សា កម្រិតគ្រប់គ្រងត្រូវបានកាត់បន្ថយមកត្រឹមកម្រិតកណ្តាល និងកម្រិតស្ថាប័នប៉ុណ្ណោះ។ នៅក្នុងការគ្រប់គ្រងថ្នាក់កណ្តាល ក្រសួងអប់រំបានកំណត់រចនាសម្ព័ន្ធជា ៦ផ្នែក រួមមាន អគ្គនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានឧត្តមសិក្សា អគ្គនាយកដ្ឋានយុវជន អគ្គនាយកដ្ឋានកីឡា និងអគ្គនាយកដ្ឋានអធិការកិច្ច។ អគ្គនាយកដ្ឋានឧត្តមសិក្សា (DGHE) ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នផ្សេងទៀតដែលចូលរួមជាមួយគម្រោង GAIN និងទទួលខុសត្រូវលើការបង្កើតគោលនយោបាយឧត្តមសិក្សា ការគ្រប់គ្រង ការកសាងសមត្ថភាព ការត្រួតពិនិត្យ និងវាយតម្លៃនូវការប្រព្រឹត្តទៅនៃអនុវិស័យក្នុងស្ថាប័នឧត្តមសិក្សានៅកម្ពុជា។ ដូច្នេះ ការចូលរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) តាមរយៈអគ្គនាយកដ្ឋានឧត្តមសិក្សា (DGHE) នៅក្នុងគម្រោងនេះគឺមានសារៈសំខាន់សម្រាប់ការអនុវត្តគម្រោងប្រកបដោយជោគជ័យ ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវគោលនយោបាយទី១ និងគោលដៅឧត្តមសិក្សាទី២ ដែលបានរៀបរាប់ខាងលើ។
សាកលវិទ្យាល័យ UPatras (ប្រទេសក្រិច)
សាកលវិទ្យាល័យ UPATRAS គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងប្រទេសក្រិច។ យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា តាមរយៈឧត្តមភាពរបស់ស្ថានប័ននៅក្នុងជំនាញវិស្វកម្មនិងវិទ្យាសាស្ត្រធម្មជាតិ បានធ្វើឲ្យ UPATRAS បានទទួលចំណាត់ថ្នាក់កំពូលនៅក្នុងចំណោមបីភាគរយ (៣%) នៃសាកលវិទ្យាល័យកំពូលៗនៅទូទាំងពិភពលោក (ដែលផ្ដោតសំខាន់លើជំនាញវិទ្យាសាស្ត្រវិស្វកម្ម)។ បង្កើតឡើងក្នុងឆ្នាំ 1964 UPATRAS ជាសាកលវិទ្យាល័យធំជាងគេទី3 នៅប្រទេសក្រិចដែលមានចំនួននិស្សិតបរិញ្ញាបត្រប្រហែល29.000នាក់ និស្សិតក្រោយបរិញ្ញាបត្រប្រហែល 3,900 នាក់ មហាវិទ្យាល័យដែលមានសមាជិក700នាក់ បុគ្គលិកផ្នែកវិទ្យាសាស្ត្រមាន236នាក់ អ្នកស្រាវជ្រាវ 1.598នាក់ បុគ្គលិករដ្ឋបាល 418 នាក់ ទីតាំងសិក្សាចំនួន៣ទីតាំង និងមន្ទីរពិសោធន៍ស្រាវជ្រាវចំនួន១៨០បន្ទប់។ ក្នុងឆ្នាំ2018 សាកលវិទ្យាល័យ Upatras គឺជាស្ថាប័នដំបូងគេនៅប្រទេសក្រិចដែលទទួលបានការទទួលស្គាល់ប្រព័ន្ធធានាគុណភាពផ្ទៃក្នុងរបស់ខ្លួន (IQAS) ដោយអនុលោមតាមស្តង់ដារគុណភាពរបស់ស្ថាប័ន Hellenic for Higher Education (HAHE) ក៏ដូចជាស្របតាមស្តង់ដារ និងគោលការណ៍ណែនាំសម្រាប់ការធានាគុណភាពនៅក្នុងតំបន់ឧត្តមសិក្សាអឺរ៉ុប (ESG)។ ក្នុងរយៈពេលជាង50ឆ្នាំនៃវត្តមានរបស់ខ្លួន ស្ថាប័នមួយនេះបានឆ្ពោះទៅរកការតម្រង់ទិសជាអន្តរជាតិ និងបានអនុម័តយកយុទ្ធសាស្រ្តសហប្រតិបត្តិការអឺរ៉ុប(European Cooperation Strategy)។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ UPatras កំពុងចូលរួមកគម្រោងជាង 58 (Horizon 2020) និងគម្រោង Erasmus+ ចំនួន 28គម្រោង (ដែលស្ថិតនៅក្រោមការសម្របសម្រួលដោយផ្ទាល់) ដែលជារួមមានចំនួនសរុប 400គម្រោង ដែលកំពុងអនុវត្ត ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ដោយសារចំនួនសិស្ស និស្សិតច្រើន UPatras បានរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរដ្ឋបាលដ៏ធំបំផុតមួយសម្រាប់សេវាកម្មនិស្សិត ដោយមានការគាំទ្រយ៉ាងសំខាន់តម្រង់ឆ្ពោះទៅរកការគាំទ្រនិស្សិតមានពិការភាព។ បច្ចុប្បន្ន Upatras កំពុងអនុវត្តកម្មវិធីដ៏ធំ ដែលមានទឹកប្រាក់រាប់លាន (ឧបត្ថម្ភដោយមូលនិធិជាតិ និងក្នុងតំបន់) ឆ្ពោះទៅរកការរួមបញ្ចូលនិស្សិតមានពិការភាព (PWD) ដោយប្រើប្រាស់ អ័ក្សទាំង 4 )រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេវាគាំទ្រ មជ្ឈមណ្ឌលគាំទ្រនិស្សិតមានពិការភាព និងសេវាកម្មអប់រំ។
READLAB-Research Innovation and Development Lab (GR)
ReadLab គឺជាអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសក្រិច ដែលផ្ដោតទៅលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍជាសាកល ក្នុងគោលបំណងបង្កើតឥទ្ធិពលវិជ្ជមាន និងនិរន្តរភាពសង្គមតាមរយៈនាវានុវត្តន៍។ ReadLab គឺជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងបច្ចេកវិទ្យាអប់រំ (EdTech) ដែលដំណើរការជាអន្តរជាតិ ជាមួយនឹងដៃគូជុំវិញពិភពលោក។ ReadLab កែឆ្នៃ អភិវឌ្ឍ គាំទ្រ និងប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) និងធ្វើពាណិជ្ជកម្មលើផលិតផលផ្នែកទន់ (software)ជាច្រើននៅក្នុងវិស័យសិក្សាតាមប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក (e-learning) ដោយប្រើបច្ចេកវិទ្យាទំនើបបំផុត។
សាកលវិទ្យាល័យ Rome Tor Vergata (ប្រទេសអ៊ីតាលី)
សាកលវិទ្យាល័យ Rome Tor Vergata គឺជាសាកលវិទ្យាល័យស្រាវជ្រាវសាធារណៈដែលមានទីតាំងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។បង្កើតឡើងក្នុងឆ្នាំ 1982 ស្ថាប័នដែលហៅកាត់ថា (UTV) មានរចនាសម្ព័ន្ធ ជាច្រើននិងគណៈកម្មការជាច្រើនសម្រាប់គាំទ្រនិស្សិតមានពិការភាព និងនិស្សិតដែលមានតម្រូវការអប់រំពិសេស (Specific Learning Disorders) ដែលហៅកាត់ថា DSA ដូចជា University Commission for the inclusion of students with disabilities and specific learning disorders) ដែលហៅកាត់ថា CARIS (DSA- http://caris.uniroma2.it/) ។ រចនាសម្ព័ន្ធទាំងនេះមានតួនាទីសម្របសម្រួល ត្រួតពិនិត្យ និងគាំទ្ររាល់សកម្មភាពទាំងឡាយដែលមានគោលបំណងលើកកម្ពស់ការរួមបញ្ចូលនិស្សិតមានពិការភាព និងនិស្សិតដែលមានតម្រូវការអប់រំពិសេស ឬនិស្សិតកំពុងជួបប្រទះការលំបាកក្នុងការសម្របខ្លួនក្នុងការសិក្សានៅសាកលវិទ្យាល័យ។ និស្សិតទាំងនោះបានអនុវត្តសកម្មភាពរួមបញ្ចូលគ្នាជាបន្តបន្ទាប់ដើម្បីជម្នះឧបសគ្គផ្សេងៗទាំងផ្នែកបច្ចេកវិទ្យា ការរៀបចំខ្លួន និងការគ្រប់គ្រង ក៏ដូចជាការវិភាគ និងលើកកម្ពស់គំនិតផ្តួចផ្តើមនានាដែលមានគោលបំណងជម្នះលើឧបសគ្គពីរូបវន្តផ្សេងៗ។
CESIE (IT)
CESIE គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ និងក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុង Palermo (ប្រទេសអ៊ីតាលី) ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2001។ អង្គការនេះបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអភិវឌ្ឍវប្បធម៌ សង្គម ការអប់រំ និងសេដ្ឋកិច្ចនៅកម្រិតក្នុងតំបន់ ថ្នាក់ជាតិ អឺរ៉ុប និងអន្តរជាតិ។ CESIE រួមចំណែកដល់ការលូតលាស់ និងការអភិវឌ្ឍ តាមរយៈការចូលរួមយ៉ាងសកម្មរបស់ប្រជាជន សង្គមស៊ីវិល និងស្ថាប័ននានា ដែលតែងតែផ្តោតសំខាន់ទៅលើភាពការភិវឌ្ឍរួម។ CESIE ពឹងផ្អែកលើអ្នកជំនាញខាងក្រៅជាង150នាក់ ដែលសហការគ្នាដើម្បីបំពេញសកម្មភាពរួមនិងគម្រោងជាក់លាក់ និងការរួមចំណែកពីអ្នកហាត់ការរាប់សិបនាក់ និងអ្នកស្ម័គ្រចិត្តមកពីបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបនិងអន្តរជាតិផ្សេងទៀតដែលចូលរួមក្នុងកម្មសិក្សានៅស្ថាប័ន នេះ ក្នុងមួយឆ្នាំៗ។ លើសពីនេះ CESIE ទទួលបានអត្ថប្រយោជន៍ពីបណ្តាញដៃគូយ៉ាងទូលំទូលាយប្រមាណ3000ស្ថាប័ន ដែលរួមមានទាំងអង្គការសង្គមស៊ីវិល មជ្ឈមណ្ឌលយុវជន សាធារណជន សាលារៀន សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ អាជ្ញាធរសាធារណៈ សហគ្រាស និងសហគ្រិននៅលើពិភពលោក។